(ភ្នំពេញ)៖ កូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង គឺឯកឧត្តម ស សុខា បានបង្ហាញការ ជឿជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារឹងមាំ រុងរឿង និងរីកចម្រើន។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពេលសម្តេច តេជោ ហ៊ុន សែន ប្រកាសថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងទទួលតំណែងជានាយករដ្ឋមន្ត្រីនៅក្នុង អាណត្តិថ្មីនេះ។ ឯកឧត្តម ស សុខា បានចាត់ទុកការរៀបចំលោក ហ៊ុន ម៉ាណែត ទៅកាន់តំណែងជានាយករដ្ឋមន្ត្រី គឺជារៀបចំផែនការជាតិដ៏គត់មត់ ប្រកបដោយទស្សនទានវែងឆ្ងាយ គ្រប់ជ្រុង ជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតី ភាពនៃស្ថាប័នជាតិ រួមមានរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

ឯកឧត្តម ស សុខា បានហៅការរៀបចំនេះ គឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរក សាលារៀនបាន សម្រាប់រូបលោក និងអ្នកបន្តវេនដទៃទៀត។
ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រី ថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។
«ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាការងារជាមួយគ្នា ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមាន ទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើកចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំ យើងខ្ញុំ និងរាជរដ្ឋាភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត សំបូរសប្បាយ តាមពាក្យស្លោក [ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង]»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ស សុខា។

ក្រៅតែពីការបង្ហាញនូវការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រីអាណត្តិហើយនោះ នៅក្នុងសំណេរលើហ្វេសប៊ុកនេះ ឯកឧត្តម ស សុខា ក៏បានបង្ហាញនឹង ស្រណោះអាឡ័យចំពោះសម្តេចតេជោ និងមេដឹកនាំចាស់ៗដែលចាកចេញពីរាជរដ្ឋាភិបាលផង ដែរ។ឯកឧត្តម សុខា បានរំលេចអារម្មណ៍នឹងស្រណោះបែបនេះ «ពិតហើយថា គ្មានការជួបជុំណា ដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នា ដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំរបស់លោកមិនអាចប្រកែកបាន»។
ឯកឧត្តម ស សុខា ប្រកាសចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេចបានឡើយ ជាពិសេសនៅ តែបន្តរៀនសូត្រលុះអវសានពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»៕
































