សិង្ហបុរី ប្រហារជីវិតអ្នកទោសជាស្ត្រីដំបូងបំផុត ក្នុងរយៈពេលជិត ២០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន


 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ គឺ សិង្ហបុរី នៅថ្ងៃសុក្រនេះប្រហារជីវិតអ្នកទោសជាស្ត្រីម្នាក់ដោយព្យួរក ពីបទជួញដូរ គ្រឿងញៀន ហើយនេះគឺជាការប្រហារជីវិតអ្នកទោសជាស្ត្រី លើកដំបូងបំផុត ក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ នៅក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សិង្ហបុរី (Central Narcotics Bureau) បានគូសបញ្ជាក់ដូច្នេះថា «ទោសប្រហារជីវិតត្រូវបានអនុវត្តលើអ្នកទោស ឈ្មោះសារីដេវី ប៊ីនទី ដ្យាម៉ានី (Saridewi Binte Djamani) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣»។ អ្នកទោសជាស្ត្រីឈ្មោះ Saridewi Binte Djamani ត្រូវបានផ្តន្ទាទោសប្រហារជីវិតកាលពីឆ្នាំ ២០១៨កន្លងទៅ ពីបទជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ជាង ៣០.៧២ក្រាម ពោលគឺច្រើនជាង ២ដងនៃបរិមាណនៃការជួញដូរគ្រឿងញៀនដែលសមនឹងទទួលការកាត់ទោសប្រហារជីវិតនៅសិង្ហបុរី។

សូមបញ្ជាក់ថា ស្ត្រីខាងលើគឺជាអ្នកទោសទី១៥ ដែលត្រូវបានប្រហារជីវិត ចាប់តាំងពីរដ្ឋាភិបាល សិង្ហបុរីអនុវត្តទោសប្រហារជីវិតឡើងវិញកាលពីឆ្នាំ២០២២ ក្រោយផ្អាកអស់ជាង ២ឆ្នាំ ដោយសារ កូវីដ១៩។ កាលពីថ្ងៃពុធសប្ដាហ៍នេះ សិង្ហបុរីបានប្រហារជីវិតបុរសម្នាក់ឈ្មោះមហាំម៉ាត់ អាហ្ស៉ីស ប៊ីន ហ៊ូសេន (Mohd Aziz bin Hussain) ដោយការព្យួករ ដែលមានទោសពីបទជួញដូរគ្រឿង ញៀនផងដែរ។

សិង្ហបុរី មានការផ្តន្ទាទោសប្រហារជីវិត សម្រាប់បទឧក្រិដ្ឋមួយចំនួន រួមមានទាំងឃាតកម្ម ហើយ ក៏ជាប្រទេសដែលមានច្បាប់​ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹង បំផុតមួយលើពិភពលោកផងដែរ។ នៅប្រទេសសិង្ហបុរី ការរត់ពន្ធកញ្ឆាលើសពី៥០០ក្រាម និងហេរ៉ូអ៉ីនលើសពី ១៥ក្រាម អាចត្រូវ ប្រឈមទោសប្រហារជីវិតបាន៕