(ភ្នំពេញ)៖ តាមរយៈលទ្ធផលបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវឧត្តមភាព និងប្រៀបឈ្នះ របស់ខ្លួន ដែលនេះពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីទឹកចិត្តរបស់ប្រជាជនកម្ពុជា ដោយ ពួកគាត់នៅតែជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល ជាមួយប្រធានគណបក្សខណ្ឌ-សង្កាត់-យុវជន-នារី សហជីពសង្កាត់ និងក្រុមការងារចុះសង្កាត់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមការងារចុះជួយ មូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្ដា សង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និង សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពលវេលា ដ៏មានតម្លៃ ដើម្បីជួយគាំទ្រ ខិតខំប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់ លើការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ឯកឧត្តម បានកោតសរសើរ និងអំណរអរគុណ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យ បោះឆ្នោតទាំង ៩២.២០៦ ការិយាល័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោនឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផល ឈ្នះភ្លូកទឹកភ្នកដី ។

ឯកឧត្តម ឃួង ស្រេង ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំគណបក្សខណ្ឌ គណបក្សសង្កាត់ ថ្នាក់ដឹកនាំគណ បក្សមូលដ្ឋាន និងក្រុមការងារចំណុះរចនាសម្ព័ន្ធគណបក្សរាជធានី គ្រប់ជាន់ថ្នាក់ ត្រូវគោរពនូវ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចផ្សេងៗរបស់គណបក្ស ព្រមទាំងត្រូវបន្តអនុវត្តនូវ តួនាទី-ភារកិច្ចខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងនោះ ត្រូវបន្តយកចិត្ត ទុកដាក់លើចំណុចមួយចំនួន ក្នុងនោះ៖
*ទី១៖ គណបក្សខណ្ឌ ត្រូវប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីថែរក្សា នូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចពង្រឹងការអនុវត្តគោលការណ៍ «ភូមិ-សង្កាត់ មានសុវត្ថិភាព»
*ទី២៖ បន្តត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពនានា ក្រុមប្រឆាំងជ្រុលនិយម ដើម្បីធានាបានថា ក្រុមនេះមិនបង្កសកម្មភាព ឬបាតុភាពណាមួយ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាព នយោបាយ

*ទី៣៖ បន្តពង្រឹងមន្ត្រីជនបង្គោលរបស់គណបក្ស គ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់ភូមិ និងក្រុម បក្សឲ្យមានភាពនឹងន និងជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស
*ទី៤៖ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឱ្យមានភាព រីកចម្រើនគ្រប់ទីកន្លែង និងគ្រប់ កាលៈទេសៈ
*ទី៥៖ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងក្តាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ទាក់ទាញសមានចិត្ដ និងជួសជុលការថ្នាំងថ្នាក់របស់ពួកគាត់ ឲ្យមកជឿជាក់លើសមត្ថភាព បទ ពិសោធន៍របស់គណបក្ស ដែលជាស្នូលក្នុងការដឹកនាំប្រទេស
*ទី៦៖ បន្តលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរតាមរយៈ ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរូបិយ និងអរូបិយ ការបន្តយកចិត្តទុកដាក់លើការបង្កើន និងកែទម្រង់ការផ្តល់សេវាទឹកស្អាត អគ្គិសនី សំរាម និងសំណល់ គ្រប់ប្រភេទ សេវាសុខាភិបាល អប់រំ និងសង្គមកិច្ច ជាពិសេសការផ្តល់សេវាសុខភាព ដោយឥតគិតថ្លៃជូនបុគ្គលិកសេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ ជនងាយរងគ្រោះ និងជនក្រីក្រគ្រប់ប្រភេទ៕

































