(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានលើកឡើងថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មី បន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រ និងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេច និងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្រ្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣។ សម្តេចបានជូនពរបងប្អូន ជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច មិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជា មុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹង ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធ សភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ៕
































