អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោត អាចប្រកាសបាននៅថ្ងៃទី៥ ខែ សីហា តាមប្រតិទិនកំណត់របស់ គ.ជ.ប ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ពុំបានទទួល បណ្តឹងណាមួយតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត


 (ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា គិត ដល់ម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ពុំបាន ទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតដែល គ.ជ.ប បានប្រកាសកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ទេ ហើយ គ.ជ.ប ក៏បានផ្តល់ព័ត៌មានមកក្រុមប្រឹក្សាធម្មនុញ្ញវិញដែរថា គិតដល់ម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្ស​នយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះដែរ។

លោកបណ្ឌិត បានប្រាប់ថា យោងតាមមាត្រា ១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នក្នុងរយៈពេល ៧២ (ចិតសិបពីរ) ម៉ោងយ៉ាងយូរ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធ ផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាន។

ដោយសារ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលា ម៉ោងប្រាំពីរនិងសូន្យនាទីព្រឹក ដូចនេះ រយៈពេល ៧២ ម៉ោង គឺដល់កំណត់នៅត្រឹមម៉ោងប្រាំពីរ និងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ជាកំហិត  ហើយទាំងក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតនេះទេ។

ដូច្នេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលការបោះឆ្នោត បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ នឹងត្រូវប្រកាសស្រប តាមច្បាប់ និងនីតិវិធីបោះឆ្នោត នៅថ្ងៃស្អែកទី ៥ ខែសីហា ឆ្នាំ២០២៣ តាមប្រតិទិនកំណត់របស់ គ.ជ.ប ជាលទ្ធផលស្ថាពរ៕