(កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា អាល្លឺម៉ង់ និងអ៊ុយក្រែន បានឈានដល់ការឯកភាពគ្នាលើការផ្គត់ផ្គង់បន្ថែមនូវប្រព័ន្ធ មីស៊ីលការពារ ដែនអាកាស Patriot សម្រាប់ទីក្រុងកៀវ នៅចំពោះមុខការបង្កើនការវាយប្រហារតាមផ្លូវអាកាស ពីរុស្ស៉ី។ ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ លោក នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះប្រធានាធិបតីអ៊ុយក្រែន រូបនេះបានគូសបញ្ជាក់ ដូច្នេះថា «ថ្ងៃនេះមានព័ត៌មានល្អពីអាល្លឺម៉ង់… ជាការពិតណាស់ យើងបានឯកភាពគ្នាជាមួយ (អធិការបតីអាល្លឺម៉ង់) លោក អូឡាហ្វ សូលស៍ (Olaf Scholz) លើការផ្គត់ផ្គង់ប្រព័ន្ធ Patriot បន្ថែម។ អរគុណខ្លាំងណាស់ លោក អូឡាហ្វ ពីព្រោះនេះជារឿងចាំបាច់បំផុតដើម្បីការពារប្រជាជនរបស់ យើងប្រឆាំង នឹងភេរវកររុស្ស៉ី»។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធនោះដែរ ពោលមុននឹងការប្រកាសរបស់លោក ហ្សេលេនស្គី ខាងភាគី អាល្លឺម៉ង់ក៏បានប្រកាសផងដែរពីការសម្រេចចិត្តបញ្ជូនប្រព័ន្ធ មីស៊ីល Patriot ចំនួន ២គ្រឿងទៅឱ្យអ៊ុយក្រែន៕































