ក្រសួងបរិស្ថាន ណែនាំឱ្យអង្គភាពជំនាញពាក់ព័ន្ធ មានវិធានការការពារ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទេសចរណ៍ដែលមកកំសាន្តតាមគោលដៅទេសចរក្នុងតំបន់ការពារធម្មជាតិ។

កោះកុង÷ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង “ស្ដីពី” វិធានការការពារ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទេសចរណ៍ដែលមកកំសាន្តតាមគោល ដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ។

បើយោងលិខិតជូនដំណឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ញាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅព្រះរាជាណាចក្រកម្ពុជា នៅរដូវវស្សាមានភ្លៀងធ្លាក់ជាប្រចាំ ជាពិសេសនៅតាមតំបន់មាត់សមុទ្រ និងតំបន់ព្រៃភ្នំ ដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កឲ្យមានទឹកជំនន់ រហ័សភ្លាមៗមិនអាចឲ្យដឹងជាមុនបាន។

ដូច្នេះក្រសួងបរិស្ថាន សូមធ្វើការណែនាំដល់អង្គភាពជុំវិញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តន៍ដូចខាងក្រោម÷

១- អប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ ដែលមកកំសាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារ ធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ ឱ្យនៅឆ្ងាយពីរតំបន់ទឹកធ្លាក់ ឬផ្លូវទឹក នៅពេលមានភ្លៀងធ្លាក់ ។

២- ត្រូវមានអ្នកប្រចាំការ នៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរណ៍ អំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។
៣- ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងតំបន់ហានិភ័យនានា។

៤- ត្រូវត្រៀមសម្ភារៈ ហ្នឹងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង ៕ ដោយ សេន ពិសិដ្ឋ