ស្ថានទូតកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅជប៉ុន ឱ្យមានការប្រុងប្រយ័ត្នអំពីព្យុះត្រូពិចខាន់ ណុន

 (ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានចេញ សេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេស ជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុន បានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេស ជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku។

ឥទ្ធិពលព្យុះនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយ នឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ អាជ្ញាធរបានចេញ សេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ។

ស្ថានទូតបានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ។ ក្នុងករណីបងប្អូនបានទទួលព័ត៌មាន អំពីពលរដ្ឋខ្មែរយើងដែល រងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លង នានា៕