(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា ក្រុមមន្ត្រីអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា មនុស្សចំនួន ៦នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃ ដែលរាលដាលដល់ទីក្រុងមួយនៃរដ្ឋហាវ៉ៃ (Hawai) ខណៈអ្នកស្រុកខ្លះបានលោតចូលទៅក្នុងទឹកសមុទ្រ ដើម្បីគេចចេញពីអណ្តាតភ្លើងដែលឆាបឆេះ យ៉ាងលឿន។

ឆ្មាំឆ្នេរសមុទ្រអាមេរិក បានជួយសង្រ្គោះមនុស្សជាច្រើននាក់ចេញពីទឹក ខណៈក្រុមសង្គ្រោះបន្ទាន់ ត្រូវទប់ទល់នឹងគ្រោះមហន្តរាយ ដែលផ្ទុះឡើងដោយគ្មានការព្រមាន ទុកជាមុន។ មន្រ្តីប្រចាំតំបន់បានឲ្យដឹងថា មន្ទីរពេទ្យនៅលើកូនកោះ Maui នៃរដ្ឋហាវ៉ៃ ពោរពេញទៅដោយអ្នក ជំងឺរលាក និងមនុស្សដែលត្រូវការជួយសង្រ្គោះផ្លូវដង្ហើម។
ទីក្រុង Lahaina ដែលជាទីក្រុងទេសចរណ៍មានប្រជាជនជាង ១២,០០០នាក់ស្ថិតនៅភាគពាយ័ព្យ នៃកោះ Maui កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីអណ្ដាតភ្លើង ដែលបានបំផ្លាញហេដ្ឋារចនា សម្ព័ន្ធជាច្រើនក្នុងទីក្រុងមួយនេះ។ លោក ខេនណេត ហារ៉ា (Kenneth Hara) មេបញ្ជាការកង ទ័ពប្រចាំតំបន់ បានឲ្យដឹងថាខ្យល់បក់ខ្លាំង បានរារាំងប្រតិបត្តិការរបស់ឧទ្ធម្ភាគចក្រ ដើម្បីជួយ សង្គ្រោះ ឬពន្លត់ភ្លើង។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ បណ្តាលមកពីលក្ខខណ្ឌអាកាធាតុស្ងួត និងខ្យល់បក់ខ្លាំងពីព្យុះ ហឺរីខេនដូរ៉ា (Dora) ដែលមានចម្ងាយរាប់រយគីឡូម៉ែតពី ភាគខាងត្បូង នៃរដ្ឋហាវ៉ៃ៕
































