ប៉ូឡូញ នឹងបញ្ជូនកងទ័ព ២,០០០នាក់ ទៅពង្រឹងតំបន់ព្រំដែនជាប់បេឡារុស


(វ៉ាសូវី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ បានអោយដឹងថា អនុរដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញ លោក ម៉ាជេក វ៉ាស៉ីក (Maciej Wasik) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ប៉ូឡូញនឹងបញ្ជូនទាហានចំនួន ២,០០០នាក់ ទៅកាន់ព្រំដែន របស់ខ្លួនជាប់ជាមួយប្រទេសបេឡារុស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងរក្សាស្ថិរភាព នៅទីនោះ។ ប៉ូឡូញ កាន់តែមានការព្រួយបារម្ភអំពីតំបន់ព្រំដែន ចាប់តាំងពីទាហានស៊ីឈ្នួល Wagner រាប់រយនាក់បានមកដល់ប្រទេសបេឡារុសកាលពីខែកក្កដា ខណៈបេឡារុស ក៏បាន ចាប់ផ្តើមសមយុទ្ធយោធានៅក្បែរព្រំដែនក្នុងសប្តាហ៍នេះផងដែរ។លោក វ៉ាស៉ីក បានគូសបញ្ជាក់ ថា «ការពង្រឹងព្រំដែននេះមិនអាចដាក់កម្លាំងត្រឹមតែ ១,០០០នាក់ នោះទេ ប៉ុន្តែត្រូវមានទាហាន ២,០០០នាក់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការសន្តិសុខ និងមានការ សម្រេចចិត្តផងដែរពីរដ្ឋមន្រ្តីការពារជាតិ លោក ម៉ារីអ៊ូស ប្លាហ្សាក់ (Mariusz Blaszczak)។ បើយើងមានឆ្មាំព្រំដែនការពារយ៉ាងតឹងរ៉ឹងនៅផ្នែកម្ខាងទៀតនៃព្រំដែន នោះនឹងមិនមានឡើយ ការឆ្លងកាត់ដោយ ខុសច្បាប់» ៕