ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តគាំទ្រជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញកម្ពុជា


 (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ខណៈ ប្រធានតំណាង IMF រួមនេះត្រូវជម្រាបលា បន្ទាប់ពីបំពេញការងារនៅកម្ពុជា អស់រយៈពេល ៤ឆ្នាំ។

អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់លោក Yasuhisa Ojima ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាតំណាង មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ក្នុងរយៈពេល៤ ឆ្នាំកន្លងមក។

ក្រោមការដឹកនាំរបស់លោក Yasuhisa Ojima, មូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់ការគាំទ្រ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួង និងការផ្តល់ជំនួយបច្ចេកទេស ដល់អគ្គនាយក ដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដូចជា ការពង្រឹងម៉ូដែលព្យាករណ៍សេដ្ឋកិច្ច, ការរៀបចំស្ថិតិហិរញ្ញ វត្ថុរដ្ឋាភិបាល, ការពិនិត្យឡើងវិញលើច្បាប់ស្តីពីគយ, ព្រមទាំងវិធានការកែទម្រង់របស់រាជរដ្ឋា ភិបាលមួយចំនួនទៀត ពិសេស ការគាំទ្រដល់វិទ្យាស្ថានស្ថិតិក្នុងការរៀបចំ ផ.ស.ស ឆ្នាំគោលថ្មី ជាដើម។

អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើសុំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញលើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយនិរន្តរភាព ព្រមទាំងបន្តគាំទ្រជំនួយ បច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹង សមត្ថភាពស្ថាប័នរបស់ក្រសួង។

លោក Yasuhisa Ojima បានថ្លែងអំណរគុណ ចំពោះកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក និងអបអរសាទរកម្ពុជា ដែលបានគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានា ក្នុងតំបន់និងសកល។

ទន្ទឹមនេះ, លោកនឹងបន្តជំរុញការគាំទ្របច្ចេកទេសដល់ប្រទេសកម្ពុជា ពិសេសការស្នើសុំថ្មីរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរជាថ្មីម្តងទៀត ជូនលោក Yasuhisa Ojima ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងរង់ចាំស្វាគមន៍បេសកកម្មរបស់ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិនាពេល ខាងមុខ៕