(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសសិង្ហបុរីនឹងរៀបចំការបោះ ឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ប្រសិនបើមានបេក្ខជនលើសពីម្នាក់ ត្រូវបានតែងតាំងឱ្យឈរឈ្មោះសម្រាប់មុខតំណែងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

ប៉ុន្តែប្រសិនបើនៅថ្ងៃទី២២ ខែសីហា មានឈ្មោះបេក្ខជនត្រឹមតែម្នាក់ ត្រូវបានតែងតាំង បុគ្គលម្នាក់ នោះនឹងត្រូវប្រកាសជាប្រធានាធិបតីថ្មីតែម្តង។ ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្នគឺ លោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) ដែលជាប្រធានាធិបតីស្រីដំបូងគេរបស់បុរីរដ្ឋមួយនេះ បាននិយាយថា លោកស្រីសម្រេចចិត្តមិនឈរឈ្មោះម្តងទៀតឡើយ ខណៈអាណត្តិរបស់លោកស្រី នឹងផុតកំណត់ នៅថ្ងៃទី១៣ ខែកញ្ញា។ លោកស្រី ហាលីម៉ា យ៉ាកូប បានឡើងកាន់តំណែងកាលពីឆ្នាំ២០១៧។
មានបុគ្គលលេចធ្លោចំនួន៤រូប ដែលបានប្រកាសពីបំណងប្រជែងយកតំណែងខាងលើ ក្នុងនោះ រួមមានអតីតទេសរដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam), អតីតនាយកផ្នែកវិនិយោគនៃមូលនិធិរដ្ឋាភិបាល GIC លោក អិន កុកសុង (Ng Kok Song), មហាសេដ្ឋីលោក ចច ហ្គោ (George Goh) ហើយនិងអតីតបេក្ខជនប្រធានាធិបតីលោក តាន គីនលាន (Tan Kin Lian)៕
































