(តេហេរ៉ង់)៖ អ៉ីរ៉ង់ អាចនឹងបន្ធូរបន្ថយទោសដល់ពលរដ្ឋអាមេរិកចំនួន ៥នាក់ដែលកំពុងជាប់ ឃុំនៅទីក្រុងតេហេរ៉ង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមូលនិធិចំនួន ៦ពាន់លានដុល្លាររបស់ខ្លួន មិនឲ្យបង្កនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) រំពឹងថានឹងនាំទៅដល់ដោះលែងពួកគេតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។

មេធាវីម្នាក់ បាននិយាយថា ជាជំហានដំបូងអ៉ីរ៉ង់ អនុញ្ញាតឲ្យពលរដ្ឋអាមេរិកដែលជាប់ឃុំចំនួន ៥នាក់ ផ្លាស់ចេញពីពន្ធនាគារ Evin របស់ទីក្រុងតេហេរ៉ង់ ទៅឃុំខ្លួនក្នុងផ្ទះវិញ។ ចំណែក អ្នកទី ៥ បានស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះរួចហើយ។ បើតាមអ្នកតំណាងរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ក៏ត្រូវដោះលែងពល រដ្ឋអ៉ីរ៉ង់មួយចំនួនពីពន្ធនាគារផងដែរ នៅក្រោមកិច្ចព្រមព្រៀងនេះ។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន លោក ប្លីនខិន បានគូសបញ្ជាក់ថា «ខ្ញុំមានជំនឿ ចិត្តថា នេះគឺជាការចាប់ផ្តើមនៃការបញ្ចប់សុបិន្តអាក្រក់របស់ពួកគេ។ មានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ»។ ពលរដ្ឋអាមេរិក ៥នាក់នោះ ទំនងជានឹងអនុញ្ញាតឲ្យចាកចេញពីអ៉ីរ៉ង់ ប្រសិនបើមិនមានការបង្កកមូលនិធិចំនួន ៦ពាន់លាន ដុល្លាររបស់អ៉ីរ៉ង់ នៅក្នុងប្រទេសកូរ៉េខាងត្បូង៕
































