(ដាក្កា)៖ អាជ្ញាធរបង់ក្លាដែស បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា មនុស្សយ៉ាងហោចណាស់ចំនួន៥៥នាក់ បានបាត់បង់ជីវិត និងជាង១លាននាក់ទៀត បានរងផលប៉ះពាល់ ដោយសារតែការធ្លាក់ភ្លៀងខ្លាំងរយៈពេល២សប្តាហ៍មកនេះ ដែលបានបង្កគ្រោះទឹកជំនន់និងបំណាក់ដី នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។

អាជ្ញាធរនៅស្រុកចំនួន៤ ស្ថិតក្នុងចំណោមកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ បាននិយាយថា ទឹកជំនន់និងគ្រោះរអិលបាក់ដី គិតចាប់តាំងពីថ្ងៃទី១ ខែសីហា មកទល់នឹងពេលនេះ បានផ្តាច់ជីវិតមនុស្ស២១នាក់ នៅ Cox’s Bazar, ១៩នាក់ នៅ Chittagong, ១០នាក់ នៅ Bandarban និង៥នាក់ នៅ Rangamati។ អាជ្ញាធរបង់ក្លាដែសបានបន្តថា ការផ្ទៀងផ្ទាត់បញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែលស្លាប់ គឺអាចប្រព្រឹត្តទៅបាន ទាល់តែក្រោយទឹកជំនន់ចាប់ផ្តើមស្រកទៅវិញប៉ុណ្ណោះ។ បន្ថែមពីនេះ មនុស្សប្រហែល ៦០០,០០០នាក់ បានទទួលរងផលប៉ះពាល់នៅស្រុក Cox’s Bazar និងប្រហែល៤៥០,០០០នាក់ បានរងផលប៉ះពាល់ នៅស្រុក Chittagong៕
































