រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាស ឲ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»


(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យអនុវត្ត យុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ជាផ្លូវការហើយ។

ការប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោំនេះ បន្ទាបើពីក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ រាជ រដ្ឋាភិបាលកម្ពុជា បាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាម រយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ដោយសម្រេចបានសមិទ្ធ ផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ ថ្មីគួរជាទីមោទនៈបំផុត។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្តស្របតាមអភិក្រម «ជវភាព នៃ ប្រព័ន្ធតួអង្គតែមួយ» និងបន្តផ្តោតជាសំខាន់លើរបៀបវារៈធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការ អនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»

គោលដៅចម្បង នៃយុទ្ធសាស្ត្រនេះរួមមាន៖ រក្សាចលនាការណ៍នៃសុខសន្តិភាព, កំណើនសេដ្ឋ កិច្ចនិងការអភិវឌ្ឍ ជារួម, ព្រមទាំងកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍ ប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន វិស័យសាធារណៈ, វិស័យសេដ្ឋ កិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្សនិងសង្គម, និងវិស័យបរិស្ថាននិងការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា»  ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖

*១៖ ធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹង វិបត្តិនានា
*២៖ បង្កើតការងារឱ្យបាន់កាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន
*៣៖ សម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រា ទាបជាង១០% និងបន្តខិតខំទាញ ទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
*៤៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ច វិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិ យោគ និងពាណិជ្ជកម្ម
*៥៖ ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាស ធាតុ។ រចនាសម្ព័ន្ធ នៃយុទ្ធសាស្ត្រនេះរួមមាន៖ ១៖ ស្នូលនៃយុទ្ធសាស្ត្រគឺ ការកែទម្រង់ និងការ ពង្រឹង អភិបាលកិច្ច, ២៖ បរិស្ថានគ្របដណ្តប់សម្រាប់ធានាបរិយាកាសអំណោយផលដល់ការអនុវត្ត យុទ្ធសាស្ត្រទាំងមូល និង៣៖ បញ្ចកោណយុទ្ធសាស្ត្រចំនួន៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ដែលរួមមាន បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និង បញ្ចកោ ណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តល់អាទិភាពខ្ពស់ និងបន្ទាន់លើការជំរុញការ អនុវត្ត នូវគោលនយោបាយធំៗ ជាអាទិភាពចំនួន៥ គោលនយោបាយអភិវឌ្ឍន៍តាមវិស័យចំនួន១៨ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣។

តាមរយៈការប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គនីតិប្បញ្ញ អង្គតុលាការ ព្រមទាំងដៃគូអភិវឌ្ឍទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងជាន់រួមជាតិ ទាំងអស់ នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវបណ្តាវិធានការគោលនយោបាយ និងកម្មវិធីផ្សេងៗ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នេះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕