(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានអោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះផែនការលក់ អាវុធរបស់ សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ហើយជំរុញឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរការសម្រេច ចិត្តរបស់ខ្លួន ជាបន្ទាន់។
លោក Wang Wenping អ្នកនាំពាក្យបាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅ ឱ្យកោះតៃវ៉ាន់របស់ប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិ នៃកិច្ចព្រមព្រៀងទាំងបីរវាងចិន និងសហរដ្ឋអាមេរិក និងសេចក្តីថ្លែងការណ៍រួម ជាពិសេសសេចក្តី ថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២។

អ្នកនាំពាក្យរដ្ឋាភិបាលចិនរូបនេះ បានបន្ថែមថា ការលក់នេះក៏បំពានលើច្បាប់អន្តរជាតិ និងបទដ្ឋាន ជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ បំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិ សុខរបស់ប្រទេសចិន និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោក Wang បាននិយាយទៀតថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយមិនទទួលយកការជ្រៀតជ្រែកពីបរទេសឡើយ។
លោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដីរបស់ចិន៕
































