(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំ រាជរដ្ឋាភិបាល។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនោះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ ហើយ មានគណបក្សនយោបាយតែពីរប៉ុណ្ណោះទទួលបានអាសនៈនៅក្នុងរដ្ឋសភា។ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ។ ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង ៨លាន ២សែននាក់ ស្មើនឹងជាង ៨៤ភាគរយ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន រហូតដល់ទៅជាង ៨២ភាគរយ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាម និងជាពិសេសមានការចូលរួមពីសំណាក់ប្រជាពល រដ្ឋដ៏ច្រើនកុះករ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «លទ្ធផលនេះ គឺជាការឆ្លុះបញ្ចាំង ឱ្យឃើញនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹង និងដ៏មុះមុតពីសំណាក់ប្រជាពលរដ្ឋភាគច្រើនលើសលុប និងពីគ្រប់មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យ ដ៏ត្រឹមត្រូវ និងទៀងទាត់របស់កម្ពុជា ក៏ដូចជា ការជឿទុកចិត្តដ៏ធំធេងសម្រាប់គណបក្សប្រជាជនកម្ពុជា»៕

































