រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ


(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយខ្លឹមសារ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូងនៃគណៈ រដ្ឋមន្ត្រី នីតិកាលទី៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបថា កិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ក្នុងនោះមានរបៀប វារៈចំនួន៤ គឺ៖

១. ប្រកាសឱ្យអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១
២. ការរៀបចំសេចក្ដីព្រាងការបង្កើតក្រសួងអធិការកិច្ច
៣. ការរៀបចំសេចក្ដីព្រាងបង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន
៤. របៀបរបបធ្វើការ និងការបែងចែកភារកិច្ច ថ្នាក់ដឹកនាំ ពីថ្នាក់ឧបនាយករដ្ឋមន្រ្ដី ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងពាក់ព័ន្ធនឹងការងារចំបាច់មួយចំនួនរបស់ក្រសួង អភិវឌ្ឍន៍ជនបទ និងបញ្ហាចម្បងដែលត្រូវធ្វើការកែលម្អ ជាពិសេសការរៀបចំរបៀបរបប និងវិន័យ ការងារ ដើម្បីជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមាន ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕