របបសឹកនីហ្សេ ប្រកាសបណ្ដេញឯកអគ្គរដ្ឋទូតបារាំង ចេញពីប្រទេស


(នីញ៉ាម៉េ)៖ មេដឹកនាំយោធានៅក្នុងប្រទេសនីហ្សេ បានបង្គាប់ឱ្យឯកអគ្គរដ្ឋទូតបារាំង លោក ស៊ីលវាំង អ៉ីតតេ (Sylvain Itte) ចាកចេញពីប្រទេសរបស់ខ្លួន ខណៈ ទំនាក់ទំនងរវាងនីហ្សេ និងបារាំងដែលធ្លាប់ដាក់អាណានិគមលើប្រទេសអាហ្វ្រិកខាងលិចមួយនេះកាន់តែធ្លាក់ចុះដុនដាប ចាប់តាំងពីមានការធ្វើរដ្ឋប្រហារទម្លាក់ ប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ចេញពី អំណាចកាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងលិខិតមួយច្បាប់ ក្រសួងការបរទេសនីហ្សេ បានទុកពេល៤៨ម៉ោង ឱ្យឯកអគ្គរដ្ឋទូតបារាំង លោក ស៊ីលវាំង អ៉ីតតេ (Sylvain Itte) ចាកចេញពីប្រទេសនីហ្សេ ដោយចោទប្រកាន់រូបលោកថា មិនបានអើពើនឹងការអញ្ជើញមួយឱ្យចូលរួមក្នុងកិច្ចប្រជុំជាមួយក្រសួងការបរទេសនីហ្សេ។ លិខិតនេះដដែលចុះកាលបរិច្ឆេទកាលពី ថ្ងៃសុក្រ ក៏បានបញ្ជាក់ផងដែរថាសកម្មភាពរបស់រដ្ឋា ភិបាលបារាំងដែលផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍របស់នីហ្សេ គឺជាហេតុផលមួយនៃការ សម្រេចចិត្ត បណ្ដេញលោក អ៉ីតតេ ចេញពីប្រទេស។

ប៉ុន្តែ ខាងក្រសួងការបរទេសបារាំង កាលពីថ្ងៃសុក្រនោះដែរបាននិយាយថាយោធាដែលធ្វើរដ្ឋ ប្រហារនៅនីហ្សេមិនមានអំណាចស្របច្បាប់ ដើម្បីបង្គាប់ ឬស្នើឱ្យ ឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ ពីប្រទេសនីហ្សេ នោះទេ។ «ការអនុម័ត ឬការសម្រេចចិត្តណាមួយ គឺត្រូវធ្វើឡើងចេញពីរដ្ឋាភិបាល ជាប់ឆ្នោតដោយស្របច្បាប់តែ មួយគត់របស់នីហ្សេ»។ នេះជាការបញ្ជាក់របស់មន្ត្រីបារាំងម្នាក់តាមរយៈការស្រង់សម្ដីពីទីភ្នាក់ងារសារព័ត៌មាន AFP៕