(ព្យុងយ៉ាង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ គឺ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថា ប្រទេសកូរ៉េ ខាងជើងបានអនុញ្ញាតឡើងវិញហើយ ចំពោះការវិលត្រឡប់នៃពលរដ្ឋរបស់ខ្លួន ដែលបានស្ថិតនៅ ឯក្រៅប្រទេស បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ព្រំប្រទល់យ៉ាងតឹងរ៉ឹង អស់រយៈពេលប៉ុន្មានឆ្នាំ អំលុងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន KCNA អាជ្ញាធរទប់ស្កាត់ជំងឺឆ្លង របស់កូរ៉េខាងជើង បាននិយាយថា ការអនុញ្ញាតខាងលើគឺស្របតាមការសម្របសម្រួល ចំពោះវិធាន ការប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ខ្លួន ក្រោយស្ថានការណ៍កូវីដនៅទូទាំងពិភពលោក បានធូរស្បើយ ឡើងវិញ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពលរដ្ឋកូរ៉េខាងជើងដែលត្រឡប់ចូល ប្រទេសវិញ នឹងត្រូវដាក់ស្ថិតក្រោមការតាមដានផ្នែកវេជ្ជសាស្រ្ត នៅកន្លែងចត្តាឡីស័កសម្រាប់រយៈ ពេល១សប្តាហ៍៕
































