ចៅហ្វាយក្រុងមូស្គូ៖ យន្ដហោះដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ ក្បែរទីក្រុងមូស្គូ


 (មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ បានអោយដឹងថា ចៅហ្វាយ ក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាស រុស្ស៉ី​ បានបាញ់ទម្លាក់យន្ដហោះដ្រូន មួយគ្រឿង នៅក្បែរទីក្រុងមូស្គូ នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី២៨ ខែសីហានេះ។

លោក សឺហ្គៃ សូប៊ីយ៉ានីន បានបញ្ជាក់ក្នុងសារបង្ហោះលើ Telegram ទៀតថាផ្អែកលើព័ត៌មានបឋម មិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាត នៅឡើយទេ។

រុស្ស៉ី បានរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូនស្ទើរជារៀងរាល់ថ្ងៃ នៅលើតំបន់របស់ ខ្លួនមួយចំនួន ជាពិសេសគឺទីក្រុងមូស្គូ។ រុស្ស៉ី បានចោទ ប្រកាន់ថាការវាយប្រហារដោយយន្ដហោះ ដ្រូនគឺជាស្នាដៃរបស់អ៊ុយក្រែន រីឯទីក្រុងកៀវ មិនដែលទទួលស្គាល់ជាផ្លូវការឡើយ។ ប៉ុន្តែ លោក ហ្សេលេនស្គី ផ្ទាល់ធ្លាប់បានលើកឡើងថាសង្រ្គាមឈ្លាមពានរបស់លោក ពូទីន កំពុងត្រឡប់ចូល ទៅក្នុងទឹកដី រុស្ស៉ីវិញហើយ។ ចំណែក សហរដ្ឋអាមេរិក ក៏តែងតែអះអាង ជារឿយៗដែរថាខ្លួនមិន គាំទ្រ ឬលើកទឹកចិត្តឱ្យអ៊ុយក្រែនបើកការវាយប្រហារលើទឹកដីរុស្ស៉ីនោះទេ៕