(សៀមរាប)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ ជំរុញឱ្យមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំងឡាយ ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចក្នុងការ ពង្រីកស្នាដៃ និងសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ការណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រីថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទខាងលើនេះ ធ្វើឡើងនាឱកាសដឹកនាំ ប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ពន្ធរូបវន្ត និងសំណង់សិល្ប ការ្យនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពី គម្រោងទាំងពីរនេះត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣។
នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរបានជួបសំណេះសំណាល និងសួរសុខ ទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្រោមបរិយាកាស ភាតរភាព និងស្និទ្ធស្នាលបំផុត។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនូវអនុសាសន៍ចំនួន៣ចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. ផ្អែកលើសមិទ្ធផលដែលមានស្រាប់ក្នុងនីតិកាលកន្លងមក ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចក្នុង ការពង្រីកស្នាដៃ និងសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។
២. ត្រូវខិតខំធ្វើជាសេនាធិការដ៏ល្អដល់រដ្ឋបាលខេត្ត និងពង្រឹងកិច្ឋសហប្រតិបត្តិការជាមួយស្ថា ប័នពាក់ព័ន្ធ។
៣. រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងស្អិតល្មួតថែមទៀត។

គួរជម្រាបថា តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ជាតំបន់ អភិវឌ្ឍន៍ដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានរៀបចំឡើងសម្រាប់ប្រជាជនដែលស្ម័គ្រចិត្តផ្លាស់ពីតំបន់បេតិកភណ្ឌអង្គរមកតាំងទីលំនៅថ្មីនៅតំបន់ទាំងពីរនេះ៕

































