ស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou ប្រកាសឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំថ្មីរបស់តៃវ៉ាន់


(តៃប៉ិ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP បានប្រាប់អោយដឹងថា មហា សេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Foxconn លោក Terry Gou នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបាន ប្រកាសថាលោកនឹងឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤។

លោក Terry Gou បានគូសបញ្ជាក់នៅក្នុងសនិ្នសីទសារព័ត៌មាន ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថា នឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅ ឆ្នាំ២០២៤»។ នៅក្រោយការប្រកាសនេះដែរ លោក Gou ចាំបាច់ត្រូវតែប្រមូលឱ្យបានហត្ថលេខាចំនួន ២៩០,០០០ ដើម្បីអាចឈរឈ្មោះជាបេក្ខជន ឯករាជ្យម្នាក់។

សូមបញ្ជាក់ថា ក្រុមហ៊ុន Foxconn គឺជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារមួយដ៏ធំសម្រាប់ក្រុមហ៊ុន Apple ហើយលោក Terry Gou បានលាលែងពីតំណែងជាប្រមុខ ក្រុមហ៊ុននេះក្នុងឆ្នាំ២០១៩ និងបាន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំនោះដែរ។ ប៉ុន្តែបានបរាជ័យដោយមិនត្រូវបានតែង តាំងជាបេក្ខជនតំណាងឱ្យគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ គួមិញតាង ដែលមានទំនោរងាកទៅរកចិននោះទេ។

លោក Gou ក៏បានព្យាយាមជាលើកទី២ ផងដែរ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យ គណបក្សគួមិញតាង កាលពីខែមករា ឆ្នាំ២០២៣នេះ តែនៅ តែបរាជ័យ ខណៈគណបក្សប្រឆាំង មួយនេះបានជ្រើសរើសចៅហ្វាយក្រុងតៃប៉ិ លោក ហួ យូយី (Hou Yu-ih) ជាបេក្ខជនរបស់ខ្លួន ដើម្បីចូលរួម ប្រកួតប្រជែងយកតំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ជាមួយនឹងបេក្ខជនមកពីគណ បក្សប្រជាធិតេយ្យចម្រើននិយម ដែលជាបក្សកាន់អំណាចនៅតៃវ៉ាន់ លោក William Lai ក្នុងការបោះឆ្នោតនៅខែមករា ឆ្នាំ២០២៤៕