ក្រុមតាលីបង់ ហាមឃាត់ស្រ្តី ទៅកម្សាន្តនៅឯឧទ្យានជាតិអាហ្វហ្កានីស្ថាន


 (អ៉ីស្លាម៉ាបាដ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា អ្នកនាំពាក្យក្រសួងលើកកម្ពស់គុណធម៌សង្គម ដែលបង្កើត ឡើងដោយក្រុមតាលីបង់ បាននិយាយថា របបដឹកនាំតាលីបង់នឹងប្រើកម្លាំងសន្តិសុខ ដើម្បីបញ្ឈប់ ស្ត្រីពីការទៅលេងឧទ្យានជាតិដ៏ពេញនិយមមួយរបស់អាហ្វហ្កានីស្ថាន។

ក្រសួងលើកកម្ពស់គុណធម៌សង្គម អះអាងថាការសម្រេចចិត្តខាងលើ ធ្វើឡើង ក្រោយមានការចោទ ប្រកាន់ថាស្ត្រីមិនត្រូវបានឃើញស្លៀកពាក់ត្រឹមត្រូវតាមបែបបទ សាសនាអ៉ីស្លាមឡើយ ពេលទៅ លេងឧទ្យាន ប៊ែន អ៉ី អាមៀ (Band-e-Amir) នៅភាគកណ្តាលខេត្ត បាមីយ៉ាន់ (Bamiyan)។ ចំណាត់ការនេះកើតមានឡើង មួយ សប្តាហ៍ បន្ទាប់ពីលោករដ្ឋមន្ត្រី មហាំម៉ាត់ ខាលលីដ ហាណាហ្វី (Mohammad Khalid Hanafi) បានចុះពិនិត្យខេត្ត Bamiyan ហើយប្រាប់ដល់ក្រុមមន្ត្រី និងបុព្វជិត សាសនាថា ស្ត្រីមិនបានប្រកាន់ខ្ជាប់នូវវិធីត្រឹមត្រូវនៃការពាក់ hijab ដោយសុំឲ្យបុគ្គលិកសន្តិសុខ ហាមឃាត់ស្ត្រីចូលទៅកាន់កន្លែងទេសចរណ៍មួយនេះ៕