អ៊ុយក្រែន អះអាងពីការវាយរំដោះបាន ភូមិយុទ្ធសាស្ត្រដ៏សំខាន់មួយពីកងកម្លាំងរុស្ស៉ី​


(កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ អោយដឹងថា អ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអះអាងថាកងទ័ពរបស់ខ្លួនវាយ រំដោះបានភូមិ រ៉ូប៉ូទីន (Robotyne) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ហើយ កំពុងបន្តព្យាយាមវាយ រុលទៅមុខឆ្ពោះទៅទិសខាងត្បូង នៅក្នុងប្រតិបត្តិការវាយបកអស់រយៈពេលជាង២ខែមកនេះ ដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដី របស់ខ្លួន។

បើតាមយោធាអ៊ុយក្រែន កងកម្លាំងរបស់ខ្លួនកាលពីសប្ដាហ៍មុន បានដោតទង់ជាតិនៅក្នុងភូមិ យុទ្ធសាស្ត្រ រ៉ូប៉ូទីន (Robotyne) និងបានបង្ហោះជាវីដេអូនៅលើ បណ្ដាញទំនាក់ទំនងសង្គមបង្ហាញ ពីសកម្មភាពដោតទង់ជាតិនេះផងដែរ។ បន្ទាប់ពីនោះ កងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការ បោសសម្អាតសត្រូវ នៅសេសសល់ រហូតទាល់តែពួកគេទទួលស្គាល់ជាផ្លូវការពីការគ្រប់គ្រង និងរំដោះបានភូមិនេះបានទាំងស្រុងនៅថ្ងៃចន្ទសប្ដាហ៍នេះ៕