ធនាគារជាតិនៃកម្ពុជា ត្រៀមចាត់វិធានការចាំបាច់មួយចំនួន ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក កើនគួរឱ្យកត់សម្គាល់


(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដី ជូនដំណឹងមួយ ស្ដីពី ការត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។

តាមរយៈសេចក្ដីជូនដំណឹងបញ្ជាក់ថា វិធានការដែលត្រៀមរួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរ ប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅ រក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងដោយសារកត្តារដូវ កាល និងសម្ពាធនៃការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ចំពោះកត្តារដូវកាលកំណើនតម្រូវការប្រាក់រៀល បានថយល្បឿនក្នុងដំណាក់កាលនៃ ការបង្កបង្កើន ផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាមេរិកជារួម បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរ ចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យ អត្រាប្ដូរប្រាក់រៀលប្រែប្រួល ក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ដែលរួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃ ចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព៕