រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ផ្ដួចផ្ដើមគំនិតបង្កើត «សមាគមមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ» ដើម្បីរឹត ចំណងសាមគ្គីភាព និងមិត្តភាព


(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដួចផ្ដើមគំនិតក្នុងការ បង្កើត «សមាគមមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ» ក្នុងគោលបំណងរក្សានិងរឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងមន្ត្រីរាជការនៃក្រសួងនេះ។

ការលើកឡើងនេះគឺក្នុងឱកាស ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាល និងសាកសួរសុខ ទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

លោក បាន សុម៉ារ៉ា ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានរាយការណ៍ជូនលោករដ្ឋមន្ត្រី ស្តីពី របាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់នាយកដ្ឋាន។ យោងតាមរបាយការណ៍ ឯកឧត្តម រដ្ឋមន្រ្ដីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី ជំនាញនាយកដ្ឋាន ជាពិសេសសមិទ្ធផលនានាដែលនាយកដ្ឋានទាំងពីរសម្រេចបាននាពេល កន្លងមក។

នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានទាំង២ខាងលើថា ផ្អែកលើសមិទ្ធផលមានស្រាប់ ត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបង្កើនសមិទ្ធផលថ្មី។ នាយកដ្ឋានទាំង២ ក៏ត្រូវត្រៀម រៀបចំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ដើម្បីប្រារព្ធធ្វើសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម បានណែនាំទៀតថា នាយកដ្ឋានទាំង២ត្រូវខិតខំជំរុញបញ្ចប់ការរៀបចំគោលនយោបាយ ជាតិអភិវឌ្ឍន៍ជនបទ និងបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីជំរុញការអភិវឌ្ឍជនបទឱ្យកាន់តែ រីកចម្រើន ស្របតាមចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តណែនាំថា ថ្នាក់ដឹកនាំត្រូវមានព្រហ្មវិហារធម៌ និងមានយុត្តិធម៌ក្នុងការដឹកនាំ និងការបែងចែកភារកិច្ចជូនមន្ត្រីឱ្យបានគ្រប់គ្នា។ មន្ត្រីគ្រប់ជាន់ថ្នាក់តាមនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និង ប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ។

នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុត្រូវខិតខំជំរុញការផ្ដល់សម្ភារជូននាយកដ្ឋាននានាឱ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់ចំពោះស្រ្ដី ជាពិសេសស្ដ្រីមានផ្ទៃពោះ មន្ត្រីរាជការមានជំងឺ និងនិវត្តជន។

ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្រ្តីបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើត «សមាគមមន្ដ្រីរាជការក្រសួង អភិវឌ្ឍន៍ជនបទ» ក្នុងគោលបំណងរក្សាចំណងសាមគ្គីភាព និងមិត្តភាព៕