(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានចូលជា ប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារ សង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលគំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រដល់ការបង្កើតការងារសមរម្យ៤០០លានកន្លែងនិងការពង្រីកការគាំពារសង្គមដល់ប្រជាជន៤ពាន់លាននាក់នៅទូទាំងពិភពលោក។

ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់ អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតា លីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។

តើអ្វីទៅជាកាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌? «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» គឺជាគំនិត ផ្តួចផ្តើមមួយ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយរដ្ឋសមាជិកដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀប ចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមានការដាក់ឱ្យទៅក្នុងប្រព័ន្ធ (Formalisation) ការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។
នាកិច្ចពិភាក្សានោះ គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរដែលកម្ពុជា បានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការ គាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះ។

លោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រដល់ការ បង្កើតការងារសមរម្យចំនួន៤០០លានកន្លែង និងការពង្រីកការគាំពារសង្គមដល់ប្រជាជន៤ពាន់ លាននាក់ ដែលបច្ចុប្បន្នមិនត្រូវបានរួមបញ្ចូល និងដើម្បីជួយសម្រួលដល់អន្តរកាល «ដោយយុត្តិធម៌» សម្រាប់ទាំងអស់គ្នា។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺស្របគ្នាទៅនឹងអាទិភាពការងាររបស់រារដ្ឋាភិបាលកម្ពុជាដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តីក៏បានលើកឡើងដែរថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតជាអាទិភាពក្នុងការអភិវឌ្ឍជំនាញ និងការពង្រីកវិសាលភាពនៃកិច្ច គាំពារសង្គម ដែលចំណុចទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងការកសាងផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តកាតាលីករសកលនេះ។

គណៈប្រតិភូទាំងអស់បានសម្តែងសេចក្តីរីករាយនិងថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្ដល់ការណែនាំអំពីយុទ្ធសាស្រ្តគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជាធាតុចូលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជា បន្តទៅទៀត។
ឯកឧត្តម រដ្ឋមន្រ្តីបានសំណូមពរដល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់ សូមបន្តផ្តល់កិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕

































