អាកាសយានដ្ឋានមួយរបស់រុស្ស៉ី ស្ថិតនៅក្បែរព្រំដែនអេស្ដូនី រងការវាយប្រហារដោយយន្ដហោះដ្រូន


(មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានប្រាប់អោយដឹងថា អភិបាល តំបន់ម្នាក់ នៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែសីហានេះថា អាកាសយានដា្ឋនមួយ របស់រុស្ស៉ីស្ថិតនៅក្បែរតំបន់ ព្រំដែនជាមួយប្រទេសអេស្ដូនី បានរងការវាយប្រហារដោយយន្ដហោះ ដ្រូន ខណៈមានសេចក្ដីរាយការណ៍ថាយន្ដហោះមួយចំនួនរងការខូចខាត។

អភិបាលតំបន់ លោក មីកាអែល វេដឺនីកូ (Mikhail Vederniko) ដែលបានអះអាងថាលោកផ្ទាល់ បានស្ថិតនៅកន្លែងកើតហេតុ បានបង្ហោះវីដេអូ មួយលើបណ្ដាញ Telegram ពីភ្លើងឆេះយ៉ាងសន្ធោរ សន្ធៅ អមជាមួយសំឡេងផ្ទុះ និងស៊ីរ៉ែន។ លោកបន្ថែមទៀតថាយោធារុស្ស៉ីបានវាយទប់ទល់ នឹងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋានស្កូវ (Pskov) ហើយអាជ្ញាធរកំពុង វាយតម្លៃពីការខូចខាត តែមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានស្កូវ (Pskov) ស្ថិតនៅក្នុងទីក្រុង ស្កូវ (Pskov) មានចម្ងាយ៨០០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងស្ថិតនៅក្បែរ ព្រំដែនជាមួយប្រទេសឡេតូនី និងអេស្ដូនី។ ភ្លាមៗ ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីផ្នែកសេវាសង្រ្គោះបន្ទាន់ បានឱ្យដឹងថាយន្ដហោះដឹក ជញ្ជូនធុនធ្ងន់ ៤គ្រឿងបានរងការខូចខាត៕