ខេត្តកោះកុង÷ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោកជំទាវ ដេវីយ៉ានី ឃុប្រ៉ាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “គម្រោងភូមិអស់មីន នៅខេត្តកោះកុង” ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយ សារមីន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ នៅសាលមហោស្រពខេត្តកោះ កុង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា តាម រយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញា ធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១.៩៧២.០៩១ ម៉ែត្រក្រឡា ស្មើនឹង ៣៣ ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦.៧០៩ ដុល្លារអាមេរិក។ គម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០៣១៩ គ្រួសារ ស្មើនឹង ៨៦.៣៦៧ នាក់។

ឯកឧត្តម ទេសរដ្ឋមន្រ្តីលី ធុជ គូសបញ្ជាក់ ថា ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការអាទិភាពមួយ និងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកិច្ចការនេះ ឯកឧត្តមបណ្ឌិត បាននឹងកំពុងបន្តមរតក និងទទួលបេសកកម្មដ៏ធំធេងពី សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជឲ បានបន្តទៀតថា ខេត្តកោះកុង តាមរយៈការងារបោសសម្អាតមីននេះ នឹងជម្រុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតតាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលទស្សនានិងកំសាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង ហើយប្រជាពលរដ្ឋនឹងទទួលជីវភាពរស់ នៅកាន់តែប្រសើរឡើងផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រជាជន និងរដ្ឋាភិបាលឥណ្ឌា ដែលបានចូលរួមដល់ការងារបោស សម្អាតមីនមនុស្សធម៌ និងធ្វើឲ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា ក្នុងនោះប្រទេសឥណ្ឌា ធ្លាប់បានផ្តល់ថវិកាជួយបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង និងផ្តល់នូវអវៈយវៈជូនដល់ជនមានពិការភាពដោយសារមីន និងគ្រាប់នៅខេត្តបន្ទាយ មានជ័យ ចំនួន ៥៥០ នាក់ផងដែរ៕ ដោយ សេន ពិសិដ្ឋ
































