(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញា រួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជា ពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។
ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាលោកឯកអគ្គ រាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃ ប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃ ចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ ចំណងការទូតនេះ ត្រូវបាន ថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តមសីហនុ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ នឹងព្រះចៅអធិរាជជប៉ុន ប្រធានាធិបតី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ ទំនងដែលកើតចេញពីបេះដូងនិងបេះដូង ដោយឈរលើគុណតម្លៃរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន បានតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការឈានដល់ “ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែក នៃវិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យធនាគារ ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូ និចនិងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅ កម្ពុជា ព្រមទាំងជួយឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។

លោក អ៊ីណូ អាត់ស៊ុស៊ី បានសម្តែងនូវការអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាក្នុងនីតិកាលថ្មីនេះ។ សម្តេចរដ្ឋសភាធិបតី ជាស្រ្តីកម្ពុជាដំបូង ដែលទទួលបានតួនាទីដ៏ខ្ពង់ខ្ពស់ និងពិតជាមានសារសំខាន់ ក្នុងការបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការបម្រើប្រទេសជាតិនិងប្រជាជនទៅថ្ងៃអនាគត។
ឆ្លើយតបសំណូមពររបស់ សម្តេចរដ្ឋសភាធិបតី លោក អ៊ីណូ អាត់ស៊ុស៊ី បានសន្យាថា នឹងខិតខំបំ ពេញបេសកកម្មការទូតនៅកម្ពុជាឱ្យទទួលបានជោគជ័យ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជ កម្មប្រទេសទំាងពីរឱ្យកាន់តែកើនឡើង លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យ កាន់តែច្រើន និងបានសន្យាបន្តជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេស ជប៉ុន និងជួយកសាងអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការលើកកម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យ ក្មេង និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។

ជប៉ុន គឺជាប្រទេសដែលបានរួមចំណែកដ៏សំខាន់ក្នុងការស្វែងរកសន្តិភាព និងការស្តារអភិវឌ្ឍន៍ កម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ប្រាប់លោក អ៊ីណូ អាត់ស៊ុស៊ី ថា ប្រជាជន កម្ពុជាមិនអាចបំភ្លេចបាននូវការរួមចំណែក និងវិភាគទានដ៏សំខាន់នេះឡើយ៕

































