(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាគម ជប៉ុន-កម្ពុជា ដឹកនាំដោយលោក TAKAHASHI Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងការបង្កើនការវិនិយោគ លើវិស័យ សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យភស្តុភារកម្ម និងវិស័យយានយន្តអគ្គិសនីនៅ កម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការ ចូលរួមពី លោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើន រូបផងដែរ។

គួររម្លឹកដែរថា ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍មួយដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង គម្រោងអភិវឌ្ឍនានាជាច្រើននៅក្នុងប្រទេស ទាំងផ្នែកទន់ និងផ្នែករឹង ទាំងជំនួយមានសំណង និងឥតសំណង ក៏ដូចជាការវិនិយោគពីផ្នែកឯកជន៕

































