(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន។ នេះជាដំណើរបំពេញទស្សនកិច្ចផ្លូវ ការលើកដំបូង បន្ទាប់ពីសម្តេចមហាបវរធិបតី ទទួលបានការគាំទ្រពីប្រជាជន និងរដ្ឋសភា ឱ្យដឹកនាំរាជរដ្ឋាភិបាល នីតកាលថ្មី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសដែលគេប្រសិទ្ធនាមជាមហាយក្សតំបន់ និងពិភពលោកមួយនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំង មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបផងដែរ។
ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់ តែរឹងមាំថែមទៀតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជា ជនចិន។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរ ទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យ ថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់ផលប្រយោជន៍រួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹង អញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

ក្រៅតែពីការបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹង អញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននាពេល គឺចំពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្ត ភាពនៃប្រទេសទាំងពីរ។ ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងពង្រឹងបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ ដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការក្រោយពេលទទួលបានការគាំទ្រពីប្រជាជន និងរដ្ឋសភាឱ្យដឹក នាំរាជរដ្ឋាភិបាលកម្ពុជា។ ការជ្រើសយកប្រទេសចិន ជាប្រទេសបំពេញទស្សនកិច្ចជាផ្លូវការលើក ដំបូងនេះ ជាការបង្ហាញឱ្យឃើញនូវការបន្តប្រកាន់ខ្ជាប់នូវនយោបាយរក្សាចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការយ៉ាងរឹងមាំរវាងកម្ពុជា និងចិន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របតាមប្រវេណីដែលប្រទេសទាំងពីរប្រកាន់យកជាង៦ទសវត្សរ៍មកហើយនោះ។

មុនពេលក្លាយជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បាន អញ្ជើញទៅកាន់ប្រទេសចិនជាច្រើនលើកមកហើយ ក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់ក្នុងវិស័យការពារជាតិ និងការអមដំណើរសម្តេចតេជោ ហ៊ុន សែន។ ក្នុងរយៈពេលចុងក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអមដំណើរសម្តេចតេជោ ទៅចិនចំនួនពីរលើក។ លើកទី១ នៅដើមខែកុម្ភៈ ឆ្នាំ ២០២០ ពេលសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចផ្លូវការនៅចិន ក្នុងពេលប្រទេសចិនរងការ វាយប្រហារដោយជំងឺកូវីដ១៩ និងលើកទី២ គឺនៅដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្លាយទៅជាដំណើរ ផ្លាស់ ប្តូរទស្សនកិច្ចមួយ ដែលនាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ស្របពេល នឹងដំណើរទស្សនកិច្ចដ៏ចាប់អារម្មណ៍របស់មេដឹកនាំពិភពលោកពីររូបផ្សេងទៀត គឺដំណើរទស្សន កិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់ប្រទេសវៀតណាម និងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ចុងអ៊ុន ទៅកាន់ប្រទេសរុស្ស៉ី។

ដំណើទស្សនកិច្ចទាំងនេះ ត្រូវបានគេមើលឃើញថា មិនត្រឹមតែជាដំណើរទស្សនកិច្ចក្នុងក្របខណ្ឌ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ តែក៏ជាប់ពាក់ព័ន្ធទៅនឹង ការវិវឌ្ឍន៍ ស្ថានការនយោបាយតំបន់ និងពិភពលោកផងដែរ៕
































