(ពោធិ៍សាត់)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ អគ្គនាយក លោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឡើងរាយការណ៍ពីបច្ចុប្បន្ន ភាពការងារដែលកំពុងអនុវត្ត ទិសដៅការងារបន្ត និងសំណូមពរមួយចំនួន ជាអាទិភាពជូនឯកឧត្តម រដ្ឋមន្ត្រី។
ឯកឧត្តម រដ្ឋមន្ត្រី លោក ប៉េង ពោធិ៍នា បានលើកឡើងអំពី យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និងបានបញ្ជាក់ថែមទៀតថា ក្រសួងត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។

ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធ ផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញការធ្វើកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍ បន្ថែមទៀតតាមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញជាកិត្តិយសបំពាក់មេដាយដល់មន្ត្រីមន្ទីរ ដែលមានស្នាដៃការងារ កន្លងទៅ ព្រមទាំងបានផ្តល់សម្ភារ និងផ្លាកសញ្ញាសុវត្ថិភាព ការដ្ឋានផ្លូវថ្នល់ មានមួកការដ្ឋាន អាវចំណាំងផ្លាត ម៉ាស៊ីនកាត់ស្មៅ កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើ ប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕

































