សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋស្ថិតនៅ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ


 (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋា ភិបាលកម្ពុជា ផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចធិបតី បានបញ្ជាក់ថា ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំយុទ្ធសាស្ត្រ ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេល ឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់​ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការចេញមកបញ្ជាក់ជំហរយកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺចំ ពេលមានប្រតិកម្មពីប្រជាពលរដ្ឋ ក្រោយមានការផ្សព្វផ្សាយពីមន្ត្រីនៅខេត្តបន្ទាយមានជ័យ តម្រូវឱ្យ ប្រជាពលរដ្ឋជាអាជីវករតូចតាចទៅសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ទន្ទឹមនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យផ្អាកការផ្តល់សេវា នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌលើអាជីវកម្មតូចតាចមួយចំនួនស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រ សិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម។

តាមរយៈការសម្រេចនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់នូវស្មារតីគិតគូររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅលើផលប្រយោជន៍ និងផលលំបាករបស់ប្រជាពលរដ្ឋប្រកប របរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសម្រេចនេះ បានសម្រាលនូវបន្ទុកចំណាយ និងភាពស្មុគស្មាញ របស់ពួកគេផងដែរ៕