បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវលើកទី៨ ព្រមទាំង កម្មវិធីចំនួន៦ផ្សេងទៀត នៅទីក្រុងហុងកុង

 (ហុងកុង)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋ ប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហុងកុង ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវ លើកទី ៨។

កិច្ចប្រជុំកំពូលនេះ នៅក្រោមមូលបទ «ការលូតលាស់ក្រោមកិច្ចសហការមួយទសវត្សរ៍»។ ពិធីនេះ ត្រូវបានប្រព្រឹត្តទៅ ដោយមានការចូលរួមលោក John KC Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាល ពិសេសហុងកុង បណ្តារដ្ឋមន្ត្រី និងមេដឹកនាំធុរកិច្ចមួយចំនួនទៀត។

បន្ទាប់មកឯកឧត្តម បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Jeff Sze រដ្ឋមន្ត្រី ស្តីទីក្រសួងអប់រំ នៃតំបន់រដ្ឋបាលពិសេសហុងកុង។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងគំនិតថ្មីៗដើម្បីពង្រឹងកាលានុវត្តភាពអប់រំ សម្រាប់និស្សិតអាស៊ាន ក្នុងទីក្រុងហុងកុង និងនិស្សិតហុងកុងក្នុងអាស៊ាន ដើម្បីបង្កើនការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងផ្នែកសិក្សាធិការ រវាងអាស៊ាន និងហុងកុង។

នៅរសៀលថ្ងៃដដែល នៅទីក្រុងហុងកុង ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងក្នុង ពិធីបាយថ្ងៃត្រង់ ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវ។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតម្រូវការ ដើម្បីពង្រឹងការបញ្ចូលគ្នារវាងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ជាមួយផែនទីចង្អុលផ្លូវស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងចក្ខុវិស័យ អាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានឥទ្ធិពល និង ត្រួសត្រាយផ្លូវ ឲ្យតំបន់កាន់តែមានភាពធន់ និងតភ្ជាប់គ្នាទៅវិញទៅមកកាន់តែខ្លាំង។

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងហុងកុង នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោក John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង នៅវិមានរដ្ឋាភិបាល។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និង ហុងកុង ជាពិសេសក្នុងវិស័យដែលហុងកុង អាចចូលរួមចំណែកគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ អាស៊ាន។ ភាគីទាំងពីរ ក៏បានពិភាក្សាពីវឌ្ឍនភាពស្តីពីការអនុវត្ត ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) រួមទាំងនីតិវិធីដើម្បីចូលជាសមាជិក RCEP ផងដែរ។

បន្ទាប់មកឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បន្ដជួបពិភាក្សាការងារជាមួយ លោក Raistlin Lau អនុរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៍នៃតំបន់រដ្ឋបាលពិសេសហុងកុង។

នៅក្នុងជំនួបនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឲ្យពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយវិស័យកីឡារបស់អាស៊ាន ក៏ដូចជា ផ្លាស់ប្តូរការអនុវត្តល្អៗ ក្នុងការអភិវឌ្ឍ និងអនុវត្តស្តង់ដារឧស្សាហកម្មទេសចរណ៍ និងឧស្សាហកម្ម ដែលពាក់ព័ន្ធនឹងទេសចរណ៍។នៅល្ងាចថ្ងៃដដែល នៅវិមានរដ្ឋាភិបាល ទីក្រុងហុងកុង បណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារស្វាគមន៍ពេលល្ងាច រៀបចំដោយប្រធានប្រតិបត្តិតំបន់រដ្ឋ បាលពិសេសហុងកុង លោក John Lee ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកចូល រួមកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវលើកទី៨៕