ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី កើនដល់ជាង ៥,០០០នាក់ និងរាប់ពាន់នាក់ទៀត នៅបន្តបាត់ខ្លួន


(ដឺណា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ដែលបានវាយប្រហារទីក្រុង Derna នៅភាគខាងកើតប្រទេសលីប៊ីកាលពីពេល ថ្មីៗនេះ បានឡើងដល់ជាង ៥,០០០នាក់ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈ​អាជ្ញាធរ​បាន​ព្យាយាមប្រឹងប្រែងក្នុង​ការ​ផ្តល់​ជំនួយដល់​​ទីក្រុង​ឆ្នេរ​សមុទ្រ ​ដែល​មនុស្ស​រាប់​ពាន់​នាក់​នៅបន្ត​បាត់​ខ្លួន និង​រាប់​ម៉ឺន​នាក់​គ្មាន​ផ្ទះសម្បែង។

លោក Osama Ali អ្នកនាំពាក្យនៃមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ នៅភាគខាងកើតប្រទេសលីប៊ី បាននិយាយថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៥,១០០នាក់ហើយ ត្រូវបានកត់ត្រានៅ ក្នុងទីក្រុង Derna រួមជាមួយនឹងមនុស្សប្រហែល ១០០នាក់ផ្សេងទៀត នៅកន្លែងផ្សេងទៀតនៅ ភាគខាងកើតប្រទេសលីប៊ី។

លោកបានប្រាប់សារព័ត៌មាន The Associated Press តាមទូរសព្ទថ្ងៃពុធនេះដូច្នេះថា មនុស្សជាង ៧,០០០នាក់បានរងរបួសនៅក្នុងទីក្រុងនេះ ដែលភាគច្រើនបានទទួលការព្យាបាលនៅក្នុងមន្ទីរ ពេទ្យវាលដែលអាជ្ញាធរ និងភ្នាក់ងារជំនួយបានបង្កើតឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ បុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញសាកសពជាង ១,៥០០ នៅ ក្រោមគំនរបាក់បែកនៅ ក្នុងទីក្រុង Derna ភាគខាងកើតប្រទេសលីប៊ី។ រូបភាពផ្កាយរណបបង្ហាញមុន និងក្រោយទឹកជំនន់ ដែលបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញនៅក្នុង ទីក្រុងមួយនេះ ដែលមានប្រជាជនច្រើនជាង ១២០,០០០ នាក់។

យោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបានឱ្យដឹងថា សោកនាដកម្មនេះបានធ្វើ ឱ្យមនុស្សយ៉ាងតិច ៣០,០០០នាក់ ត្រូវភៀសខ្លួននៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម ស៊ីវិលរយៈពេលមួយទសវត្សរ៍មួយនេះ៕