ជប៉ុននៅតែបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ពិសេសលើជំនាញ បច្ចេកទេសវិជ្ជាជីវៈ


(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួម ចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូប ករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិត អាហារូបករណ៍ជប៉ុនមួយចំនួនបាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុងកាន់តួនាទី សំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោកឯកអគ្គរាជទូតជប៉ុនក៏បានសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅសិក្សានៅ ប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញនៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយជាស្ពានចម្លងដ៏ សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ។

ក្នុងឱកាសនោះភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ស្របតាមការរីក ចម្រើននៃបច្ចេកវិទ្យាសម័យថ្មី។

ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដែលតែងតែយក ចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញបច្ចេកវិទ្យាថ្មីៗបន្ថែមពីក្រុមហ៊ុនទាំងនោះ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីប្រព័ន្ធបញ្ជូនពលករជំនាញ និងកម្មសិក្សាការី ពីកម្ពុជាទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់ពលករជំនាញ និងកម្មសិក្សា ការីដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ជូនលោកឯកអគ្គរាជទូតជប៉ុនថា ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយស្ថានទូតជប៉ុន ក្រុមហ៊ុនជប៉ុន និងសមាគម អាជីវកម្មជប៉ុនដែលមានវត្តមាននៅកម្ពុជា៕