លោក ហ្សេលេនស្គី គ្រោងធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោន ខណៈសភាអាមេរិកជជែកដេញ ដោលពីកញ្ចប់ជំនួយ ២៤ពាន់លានដុល្លារ

(កៀវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី មានគម្រោង ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយ ខណៈសភាទាំង ២របស់សហរដ្ឋអាមេរិក កំពុងជជែកដេញដោលពីការផ្ដល់ជំនួយយោធា និងមនុស្សបន្ថែមសម្រាប់អ៊ុយក្រែន។

ព័ត៌មានពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់សេតវិមាន និងវិមាន Capitol ត្រូវបានចុះផ្សាយដោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ។ លោក ហ្សេលេនសី្គត្រូវបានរំពឹងថានឹងជួបជាមួយ លោកប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ចំណែកដំណើរ ទស្សនកិច្ចទៅកាន់វិមាន Capitol ត្រូវបានទទួលស្គាល់ដោយក្រុមមន្ត្រីអាមេរិក ២រូប ដែលបានដឹង ពីគម្រោងទស្សនកិច្ចនេះ។

វត្តមានរបស់លោក ហ្សេលេនស្គី នៅសហរដ្ឋអាមេរិក នឹងកើតមានឡើងចំពេលសម័យប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងខណៈសភា ទាំង២របស់សហរដ្ឋអាមេរិក កំពុងជជែក ដេញដោលពីការផ្ដល់ជំនួយយោធា និងមនុស្សបន្ថែមសម្រាប់អ៊ុយក្រែន។ លោក បៃដិនបានស្នើសុំ ឱ្យសភាទម្លាក់ កញ្ចប់ថវិកាសរុប ២៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំង ១៣.១ពាន់លានដុល្លារជាជំនួយយោធា និង៨.៥ពាន់លានដុល្លារ ជាជំនួយ មនុស្សធម៌។

ប៉ុន្តែ អ្នកតំណាងរាស្ត្រអាមេរិកនៅសល់ពេលមិនច្រើនទៀតទេ ដើម្បីអនុម័តកញ្ចប់ថវិកាមួយឱ្យបាន មុនថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងបរិបទដែលតំណាងរាស្ត្រ អាមេរិកមកពីគណបក្សសាធារណរដ្ឋមួយ ចំនួន បង្ហាញការការជំទាស់នឹងការផ្ដល់ជំនួយយោធាបន្ថែមទៅឱ្យអ៊ុយក្រែន។ លោក ហ្សេលេនស្គី ក៏ធ្លាប់បានធ្វើ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០២២៕