រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា ចិនកំពុងព្យាយាមអូសទាញជនជាតិអង់គ្លេសមានមុខ តំណែងរស៊ើបៗ ដើម្បីទទួលបានព័ត៌មានសម្ងាត់ និងជំនាញពិសេស


 (ឡុងដ៍)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ ប្រាប់អោយដឹងថា​ រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៤ ខែកញ្ញា) នេះថា ចារកម្មចិនកំពុងកំណត់គោលដៅមន្ត្រីអង់គ្លេសនៅក្នុងមុខតំណែងដ៏រសើបៗ ដែលជាផ្នែក មួយនៃប្រតិបត្តិការចារកម្មកាន់តែទំនើប ដើម្បីទទួលបានព័ត៌មានសម្ងាត់ និងជំនាញពិសេស។

រដ្ឋាភិបាល​បាន​និយាយដូច្នេះ​ថា​ «​រដ្ឋាភិបាល​ដឹង​ថា ​គម្រោង​ជ្រើសរើស​បុគ្គលិក​របស់​ចិន​បាន​ប៉ុនប៉ង​ប្រមាញ់យកជនជាតិ​អង់គ្លេស និង​សម្ព័ន្ធមិត្ត​ទៅ​ក្នុង​មុខតំណែង​សំខាន់ៗ​ជាមួយ​នឹង​ចំណេះដឹង​ និង​បទពិសោធន៍​ដ៏រស៊ើប»។

គួរបញ្ជាក់ថា ការព្រួយបារម្ភអំពីសកម្មភាពរបស់ជនជាតិចិនក្នុងប្រទេសអង់គ្លេសកាន់តែកើនឡើង ហើយកាន់តែអាក្រក់ទៅៗចាប់តាំងពីការលាតត្រដាងកាលពីចុងសប្តាហ៍ ដែលអ្នកស្រាវជ្រាវសភា ម្នាក់ត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទសង្ស័យថាបានធ្វើចារកម្មឱ្យប្រទេសចិន។

ការចាប់ខ្លួនអ្នកស្រាវជ្រាវវ័យក្មេងនេះ បាននាំឱ្យមានការអំពាវនាវពីសមាជិកសភាអង់គ្លេស ឱ្យ ប្រកាន់ជំហរដ៏តឹងរ៉ឹងចំពោះប្រទេសចិនបន្ថែមទៀត។ ក្រសួងការបរទេសចិនបានពណ៌នាការចោទប្រកាន់នេះគឺ «គ្មានមូលដ្ឋានទាល់តែសោះ»។

លោក Sunak នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានរងសម្ពាធពីសមាជិកសភាមួយចំនួន នៅក្នុង គណបក្សអភិរក្សរបស់លោក ដើម្បីប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសចិន ប៉ុន្តែលោក ចង់ពង្រឹងទំនាក់ ទំនងផ្នែកសេដ្ឋកិច្ច ជាមួយនឹងការរឹតបន្តឹងផ្នែកសន្តិសុខជាតិ។

នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងសន្តិសុខនៃសភាអង់គ្លេសបាន និយាយថា ទីក្រុងប៉េកាំងបានជ្រៀតចូលគ្រប់វិស័យនៃសេដ្ឋកិច្ចអង់គ្លេសដោយជោគជ័យ ហើយ រដ្ឋមន្ត្រីមានការយឺតយ៉ាវក្នុងការដោះស្រាយការគំរាមកំហែងនេះ៕