(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញ សេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»។

តាមរយៈសេចក្តីថ្លែងការណ៍ដែលទទួលបាន គឺនៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រឡំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ក្នុងការបង្ហាញអំពីព័ត៌ មានពិតមួយចំនួន ដូចខាងក្រោម៖
១៖ ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មាន លក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុ មាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការ សហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។
២៖ ការបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍នៃការ អត្ថាធិប្បាយប្រកបដោយភាពលម្អៀងរបស់អង្គការHRW។ ជោគជ័យរបស់កម្ពុជាជាច្រើន រួមមាន កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការ គាំពារសង្គមសម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កម្មវិធីជាគំរូក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ភាព ប្រសើរឡើងនៃអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធ ច្បាប់និងយុត្តិធម៌ ត្រូវបានមើលរំលងជាប្រព័ន្ធដោយអង្គការមួយនេះ។
៣៖ វឌ្ឍនភាពគួរឱ្យកោតសរសើររបស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) របស់ខ្លួន ត្រូវបានស្តែងឡើង តាមរយៈអត្រា ៧២,៥% នៃសូចនាករ និងអនុសូចនាករ SDGs របស់កម្ពុជា ដែលកំពុងស្ថិតក្នុងមាគ៌ាសម្រេចបានតាមគោលដៅកំណត់។ គួរឱ្យកត់សម្គាល់ដែរថា ឯកអគ្គរដ្ឋទូតលោកខាងលិចមួយរូបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកសរសើរកម្ពុជាថា ជាប្រទេសនៃ «អព្ភូតហេតុសេដ្ឋកិច្ច»។
៤៖ ការថ្លែងថា ការបោះឆ្នោតទូទៅឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្រោមការរឹតត្បិតលំហយ៉ាងធ្ងន់ធ្ងរ នោះ គឺមិនមែនជាការពិតទាល់តែសោះ។ ការពិត ការបោះឆ្នោតនេះ ដែលមានគណបក្សចំនួន១៨ ប្រកួតប្រជែងគ្នា ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោតដ៏គួរឱ្យកត់សម្គាល់រហូតដល់ជិត៨៥% បានគូសបញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាទៅវិញទេ។ កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់ប្រជាពល រដ្ឋចំពោះដំណើរការបោះឆ្នោត និងបញ្ជាក់ពីការបដិសេធរបស់ពួកគាត់ ចំពោះការអំពាវនាវឱ្យធ្វើ ពហិការចំពោះការបោះឆ្នោតពីសំណាក់អ្នកនយោបាយជ្រុលនិយម។ សេចក្តីថ្លែងការណ៍នានារបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស បានសបញ្ជាក់ឱ្យឃើញថា ការបោះឆ្នោតទូទៅនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ជាធរមាន។
៥៖ អង្គការ HRW តែងតែធ្វើមិនដឹងមិនឮម្តងហើយម្តងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និង ជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សានិងស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវ ដោយចំហឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ សកម្មភាពបែបនេះគឺផ្ទុយទៅនឹងគោលការណ៍នៃការបញ្ចេញមតិប្រកបដោយភាពទទួលខុសត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យ។
៦៖ ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពីឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការអ.ស.បចំនួន ១រូប ម្ចាស់ជ័យលាភីពានរង្វាន់ ណូបែលសន្តិភាពចំនួន ២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេងទៀត បានធ្វើការរិះគន់ ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយនេះបានប្រកាន់យក៕

































