(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញលទ្ធផលនៃការប្រមូលពន្ធ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ ដោយអគ្គនាយកដ្ឋានពន្ធដារប្រមូល បាន១០ ៣២៩,៧៨ ប៊ីលានរៀល ឬ ប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២៣។

ចំណែកការប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលាន រៀល ឬប្រមាណជា ២៣៧,៥៣ លានដុល្លារ ស្មើនឹង ៦,៦៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល បង្ហាញលទ្ធផលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែល រៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting)ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល បានឱ្យដឹងថា ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២២.៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយចំណូល តាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះ។ ក្នុងនោះ កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ ថយចុះ ២.២៨% អចលនទ្រព្យ ថយចុះ ៩.០៦% ការសាងសង់ថយចុះ ២.១៥%) ហើយទន្ទឹម នឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ថយចុះ ២៦.៧៦%។
លោកបន្តថា ហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្ដាប្រទេសជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើន នៃអតិផរណាដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឈានទៅប៉ះពាល់ទៅដល់ចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់៕

































