(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមាការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីកើនឡើងនៅជំងឺគ្រុនឈាម សម្រាប់ឆ្នាំ២០២៣នេះ ដោយជំងឺគ្រុនឈាមនេះ មានវដ្ដ នៃការកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់ ៥ ទៅ ៦ឆ្នាំម្ដង។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថាទៀត ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និង ជម្រកសត្វមូស។

ក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំក្រើនរំលឹកដល់ ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺ គ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់ តែមានប្រសិទ្ធភាព ដោយអនុវត្តវិធានការដូចខាងក្រោម៖
* សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ
ចាប់ពី៣៩ ទៅ៤០ អង្សារសេ ឬមានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់
សូមស្វែងរកការពិគ្រោះ យោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យ
ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍១១៥
ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍។
* សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមចលនាកាត់បន្ថយ
និងទប់ស្កាត់ការកកើត សត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ
និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចម្តងក្នុង មួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាម មូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែល ទុកចោលមិនប្រើប្រាស់ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
វិធានការទី២៖ សូមឱ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ-កម្មការនីដែលកំពុងបំពេញការងារនៅ តាមការដ្ឋានសំណង់ទាំងអស់ ត្រូវសម្អាតបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុប បំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹកនៅក្នុងទី កន្លែងដែលមានដំបូលត្រឹមត្រូវដើម្បីចៀសវាងការដក់ទឹក និងលុបបំបាត់ប្រភពនិងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់ប្រជាជនទាំងអស់ ដែលរស់នៅចម្ងាយ១៥០ម៉ែត្រជុំវិញ ការដ្ឋានសំណង់នោះ។ ទន្ទឹមគ្នានេះដែរ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជម្រុញការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម។
វិធានការទី៣៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុក វត្ថុទាំងនោះចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់ បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាត គ្រប់ពេលវេលា។ វិធីសាស្រ្តក្នុងការគ្រប់គ្រងសំបកកង់ដោយសុវត្ថិភាពគ្មានសត្វមូសកកើត គឺត្រូវ៖ ដាក់គរត្រួតលើគ្នា គ្របដោយបន្ទះក្តារជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើបា្រស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូល ដើម្បីចៀសវាងការដក់ទឹក ដែលបង្កទៅជាប្រភព កកើត និងជាជម្រកមូសខ្លា។
វិធានការទី៤៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរសំលៀកបំពាក់ទាំងក្នុងនិងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុប ជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹង ខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុង មុងជាប្រចាំទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ។
វិធានការទី៥៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់។
ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល បានស្នើឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញ ខាងលើ ដើម្បីការពារសុខភាពអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ ចៀសផុតពីជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាលនឹងបន្ដធ្វើការជូនដំណឹងដល់សាធារណជនអំពីការវិវត្តនៃបញ្ហាសុខភាព តាម បណ្តាញតេឡេក្រាម ទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល ព្រមទាំងគេហទំព័រ www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា លេខទូរស័ព្ទ៖ ០១២ ៧១៥ ៦៦៦ អ៊ីម៉ែល rithealeang@gmail.com ៕

































