សហរដ្ឋអាមេរិក ជឿថារដ្ឋមន្ត្រីការពារជាតិចិនដែលបាត់មុខអស់ ៣សប្ដាហ៍មកនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា​ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជឿជាក់ថារដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតមួយ និងក៏ប្រហែលជាត្រូវបានដក តំណែងហើយដែរ។ ទីភ្នាក់ងារសារព័ត៌មាន​ AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការ ចេញផ្សាយដោយសារព័ត៌មាន Financial Times នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសំអាងលើ ប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក។ ការចេញផ្សាយរបស់ Financial Times ទៀត សោត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emmanuel បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាលោក លី សាងហ្វូ បានបាត់មុខ ជាសាធារណៈ និងគ្មានដំណឹងសូន្យឈឹងជាង៣សប្ដាហ៍មកនេះ ហើយក៏ប្រហែល ជាត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ។

Financial Times ដោយផ្អែកលើក្រុមមន្ត្រីអាមេរិក ក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានសន្មត់ ថាលោក លី ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការពារជាតិចិន ទៅហើយ។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ នៅឡើយទេថាតើមានហេតុផលអ្វីដែលធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ធ្វើការសន្មត់ បែបនេះ ខណៈចិន មិនបាននិយាយអ្វីឡើយ រីឯសេតវិមានក៏មិនដែលធ្វើអត្ថាធិប្បាយពីបញ្ហាបែប នេះជាសាធារណៈនោះដែរ៕