រុស្ស៉ី ថារថក្រោះអាមេរិក Abrams សម្រាប់អ៊ុយក្រែន នឹងមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិ បានឡើយ


(​មូស្គូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ វិមានក្រឹមឡាំងបាននិយាយថាការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកនូវមីស៊ីលចម្ងាយឆ្ងាយ Army Tactical Missile System (ATACMS) និងរថក្រោះ Abrams នឹងមិនអាចកែប្រែស្ថាន ការណ៍នៅឯសមរភូមិបាននោះឡើយ។

នៅពេលត្រូវបានសាកសួរពីបញ្ហាខាងលើ នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាកងកម្លាំងប្រដាប់អាវុធ រុស្ស៉ី កំពុងសម្របខ្លួនបានយ៉ាងល្អប្រសើរដើម្បីប្រើប្រាស់អាវុធថ្មីៗ នៅក្នុងសង្គ្រាម ដែលទីក្រុងមូស្គូ ហៅថាជាប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «អាវុធទាំងអស់នេះមិនអាចបង្ក ផលប៉ះពាល់ដល់សារៈ សំខាន់នៃប្រតិបត្តិការយោធាពិសេស និងលទ្ធផលរបស់វាបានឡើយ ហើយក៏គ្មាននោះដែរ អាវុធតែ មួយប្រភេទអាចកែប្រែ តុល្យភាពអំណាចនៅសមរភូមិ»