(ភ្នំពេញ)៖ ធនាគារពិភពលោកបានបេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើការថែទាំ
និងកសាងហេដ្ឋារចនាសម្ពន្ធនៅជនបទ ដូចជាការផ្ដល់ថវិកាបន្ថែមលើគម្រោងថែទាំផ្លូវ ជនបទឱ្យកាន់តែប្រសើឡើង។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោកស្រី Mariam J.Sherman នាយិការបស់ធនាគាពិភពលោកប្រចាំមីយ៉ានម៉ា កម្ពុជា និងឡាវ និងលោកស្រី Maryam Salim ប្រធានប្រចាំប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលតែងតែមាន កិច្ចសហប្រតិបត្តិការល្អ និងគាំទ្រផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូនលោកស្រីប្រធាន និងសហ ការីនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បី ពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្ត ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិ ភាពចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួនគឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាព របស់ខ្លួនចំនួន៤ ដូចមាន៖
១. អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់ តែប្រសើរឡើង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផល និងទទួល សេវាកម្មនានា ធ្វើឱ្យជនបទខិតមកកាន់តែជិតទីក្រុង។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើ ប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យល្អ និងការរស់នៅមានផាសុកភាព។

៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បង្កើនចំណូលគ្រួសារ តាមរយៈការបណ្តុះបណ្តាល ជំនាញមូលដ្ឋាន ដើម្បីអាចបង្កើតមុខរបរផ្សេងទៀតបន្ថែមលើមុខរបរកសិកម្ម។
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដោយពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកស្ទួយប្រសិទ្ធភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុន បន្ថែមទៀត។
ជាការឆ្លើយតប លោកស្រីនាយិកា Mariam J.Sherman បានវាយតម្លៃខ្ពស់ចំពោះគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើក ឡើងរបស់លោករដ្ឋមន្ត្រីនាពេលនេះ។

លោកស្រីបានបន្តលើកឡើងពីកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍កន្លងមក ដែលគម្រោងខ្លះ គឺកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ន និងបានបេ្តជ្ញាក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូច ជាការផ្ដល់ថវិកាបន្ថែមលើគម្រោងថែទាំផ្លូវជនបទឱ្យកាន់តែប្រសើឡើង៕

































