(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កឺ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្ងៃព្រហស្បតិ៍ នេះ បាន ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីស្ថានភាព សង្រ្គាម និងតម្រូវការកងទ័ព មួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់សម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនថា បានជួយរៀបចំផែនការ និងអនុវត្តការវាយប្រហារមីស៊ីលកាលពីសប្តាហ៍មុន លើទីស្នាក់ការកងនាវាសមុទ្រខ្មៅនៅឧបទ្វីបគ្រីមៀ។

លោក Zelensky បាននិយាយថា លោក Stoltenberg បានយល់ព្រមក្នុងការខិតខំប្រឹងប្រែង ដើម្បី បញ្ចុះបញ្ចូលសមាជិកណាតូឱ្យជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពាររោងចក្រ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដ៏សាហាវរបស់រុស្ស៊ី កាលពីរដូវរងារមុន។
លោក Zelensky បាននិយាយដូច្នេះថា «នៅពេលប្រឈមមុខនឹងការវាយប្រហារដ៏ខ្លាំងក្លាបែប នេះប្រឆាំងនឹងជនជាតិអ៊ុយក្រែន និងប្រឆាំងនឹងទីក្រុង និងកំពង់ផែរបស់យើង ដែលមានសារៈសំខាន់ សម្រាប់សន្តិសុខស្បៀងអាហារពិភពលោក យើងត្រូវការដាក់សម្ពាធស្រដៀងគ្នាលើប្រទេសរុស្ស៊ី និងការពង្រឹងការការពារដែនអាកាសរបស់យើ»។
នាឱកាសនោះដែរ លោក Stoltenberg បាននិយាយថា ណាតូមានកិច្ចសន្យាដែលមានតម្លៃ ២.៤ ពាន់លានអឺរ៉ូ (២.៥ ពាន់លានដុល្លារ) នៃគ្រាប់រំសេវសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់ផ្លោង កាំជ្រួច ប្រឆាំងរថក្រោះ និងគ្រាប់រំសេវរថក្រោះ។
លោកបានសង្កត់ធ្ងន់ទៀតថា «អ៊ុយក្រែនកាន់តែរឹងមាំ យើងកាន់តែខិតជិតដល់ការបញ្ចប់ការឈ្លាន ពានរបស់រុស្ស៊ី។ រុស្ស៊ីអាចដាក់អាវុធ និងបញ្ចប់សង្គ្រាមនៅថ្ងៃនេះ។ ប៉ុន្តែអ៊ុយក្រែនមិនមានជម្រើសនេះទេ។ ការចុះចាញ់របស់អ៊ុយក្រែននឹងមិនមានន័យថាសន្តិភាពទេ។ នេះមានន័យថាជាការកាន់កាប់របស់រុស្ស៊ីដ៏ឃោរឃៅ…»៕
































