(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើក កិច្ច ប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការតភ្ជាប់ និងកំណើនក្នុង តំបន់ មេគង្គក្នុងអាស៊ាន»។
ថ្លែងក្នុងសុន្ទរកថា លោកជំទាវ រដ្ឋមន្ត្រីបានលើកឡើងអំពីសារៈសំខាន់ នៃតំបន់មេគង្គជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការងារជំរុញការ តភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនសំដៅជំរុញនិងគាំទ្រដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកជំទាវ ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ ការតភ្ជាប់ តាមរយៈការ កសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការប្រឹងប្រែងជាមួយបណ្តាប្រទេស សមាជិកអាស៊ាន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។
បន្ថែមពីនេះ លោកជំទាវ រដ្ឋមន្ត្រី បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល កម្ពុជា ក្នុងការងារលើកកំពស់ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងការទាញ ប្រយោជន៍ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងបានលើកឡើងពីយន្តការកសាងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ជាពិសេសអំពីការរៀបចំវេទិការដ្ឋាភិបាល-វិស័យឯកជន នៅអំឡុងចុងឆ្នាំ ២០២៣ នេះ។

ជាចុងបញ្ចប់ លោកជំទាវ រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុម ប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា មានដូចជាកសិកម្មកែច្នៃ សេវាកម្មទេសចរណ៍ និងការបង្កើនការនាំចូលទំនិញសក្តានុពលរបស់ កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម។ល៕

































