(ហាណូយ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកលើ តំបន់ភាគខាងជើងនៃប្រទេស វៀតណាម ដោយនាថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមានការជន់លិចផ្លូវនិងរាំងស្ទះចរាចណ៍ នៅពាស ពេញរដ្ឋធានីហាណូយ។

នាវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ ចរាចរណ៍នៅតាមតំបន់ទីប្រជុំនៃទីក្រុងហាណូយ បានជួបភាពជាប់ គាំងដោយសារតែការជន់លិចផ្លូវ ក្រោយមានភ្លៀងធ្លាក់ខ្លាំង។ ផ្លូវសំខាន់ៗនៅក្នុងរដ្ឋធានីរបស់វៀតណាម ត្រូវបានទឹកជន់លិចកម្ពស់ចន្លោះ៣០-៥០សង់ទីម៉ែត្រ បន្ទាប់ពីភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរ តាំងតែពីយប់ថ្ងៃពុធ។ ចំណែកនៅតាមបណ្តាខេត្តមួយចំនួន ក្នុងតំបន់ភាគខាងជើងវៀតណាម ដូចជាខេត្ត ថាញ់ ហូ (Thanh Hoa), ញេ អាន (Nghe An) និងហាធីញ (Ha Tinh) ក៏បានមើលឃើញការលិចលង់ធ្ងន់ ធ្ងរ រួមជាមួយគ្រោះបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ផងដែរ នៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសងាយទទួលរងគ្រោះ ដោយសារព្យុះភ្លៀង និងទឹកជំនន់ដែល លក្ខណៈកាចសាហាវ។ តួយ៉ាង យោងតាមស្ថិតិរបស់រដ្ឋាភិបាលវៀតណាមផ្ទាល់ មានមនុស្ស៤៥១ នាក់ បានបាត់បង់ជីវិតឬបាត់ខ្លួន កាលពីឆ្នាំទៅមិញ ដោយសារតែគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់និងបំណាក់ដីជាដើម។ ទឹកជំនន់បានក្លាយជាបញ្ហា ដែលកើតមានកាន់តែញឹកញាប់ នៅទីក្រុងហាណូយ ស្របពេលដែលផ្លូវនិងប្រព័ន្ធលូបង្ហូរទឹក ពិបាកក្នុងការគាំទ្រចំនួនប្រជាជនដែល បន្តកើនឡើងយ៉ាងឆាប់រហ័ស៕
































