(ភ្នំពេញ)៖ បើទោះបីពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ការវិនិយោគរបស់ បរទេសនៅកម្ពុជានៅតែមានសន្ទុះគួរឱ្យកត់សម្គាល់។ រយៈពេល៦ខែឆ្នាំ២០២៣ មានក្រុមហ៊ុន បរទេសជិត ១០០ក្រុមហ៊ុន បានដាក់ទុនវិនិយោគនៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជិត ១០០នេះ មានទុនវិនិយោគសរុបប្រមាណ ៩០០លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានជាង ៥ម៉ឺន កន្លែង។ បើតាមលោក ជា វុទ្ធី ក្រុមដែលបានចូលមកវិនិយោគនេះ ភាគច្រើនមកពីប្រទេសចិន ហើយវិនិយោគលើផ្នែកកម្មន្តសាល និងឧស្សាហកម្មក្រៅពីការកាត់ដេរសម្លៀកបំពាក់ និងស្បែក ជើង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កត្តាដែលនាំឱ្យអ្នកវិនិយោគបរទេសបន្តដាក់ទុកវិនិយោគនៅកម្ពុជា ដោយសារសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ បន្ថែមពីលើនោះ ច្បាប់វិនិយោគ ជាច្បាប់មានភាព ទូលំទូលាយមិនចង្អៀតចង្អល់ ឬហាមឃាត់អ្នកវិនិយោគមិនឱ្យដាក់ទុនលើវិស័យណាមួយ គឺ អនុញ្ញាតទាំងអស់ ហើយរាជរដ្ឋាភិបាល មានការលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគ។
ក្រៅពីនេះ ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែភ្នំពេញ កំពង់ផែខេត្តព្រះសីហនុ ផ្លូវ ល្បឿនលឿន ផ្លូវរថភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ជាកត្តាទាក់ទាញការវិនិយោគពី បរទេសផងដែរ៕

































